នោះ!​ សម្តេច​ ស ខេង សន្យា​ស៊ើបអង្កេត​បន្ថែម​ករណី​សមត្ថកិច្ច​បាញ់​ពលរដ្ឋ​នៅ​ក្រចេះ

    សម្តេច ស ខេង សន្យា​ថា នឹង​បើក​ការស៊ើបអង្កេត​បន្ថែម​លើក​ករណី​ផ្ទុះ​អំពើហិង្សា រហូត​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។

    លោក ផាត សុផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ​របស់​ក្រសួង​មហាផ្ទៃ ចុះផ្សាយ​កាលពី​ថ្ងៃ​១២ ខែ​មីនា ថា លោក ស ខេង បាន​ទទួល​របាយការណ៍​បឋម​មួយចំនួន អំពី​ព្រឹត្តិការណ៍​នៅ​ខេត្តក្រចេះ​ដែរ ប៉ុន្ដែ​លោក​បាន​ចាត់​ក្រុម​ការងារ​ពី​ក្រសួងមហាផ្ទៃ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម ទៅ​លើ​ករណី​ដែល​កើតឡើង​នៅក្នុង​ខេត្ត​នេះ ហើយ​មក​ដល់​ពេល​នេះ​លោក ស ខេង ក៏​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ក្រុមការងារ​ដែល​លោក​បាន​បញ្ជូនទៅ​នោះទេ។

    - Advertisement -
    Loading...

    កាលពី​រសៀល​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៨ ក្រុម​យោធា​ខេត្តក្រចេះ​បាន​នាំ​បាញ់រះ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ធ្វើបាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៧៦A នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​តវ៉ា​ករណី​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​របស់​វៀតណាម​ដែលមាន​ផ្ទៃដី​ទំហំ​ជិត​១​ម៉ឺន​ហិកតារ ប៉ះពាល់​ដល់​ដីធ្លី​របស់​ពលរដ្ឋ​ជាង ៥​រយ​គ្រួសារ។

    ក្រោយ​ហេតុ​ការផ្ទុះអាវុធ​នេះ​ភ្លាម​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​អាង​ថា ការបាញ់រះ​របស់​សមត្ថកិច្ច​នោះបាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ ជាង​១០​នាក់​ទៀត​របួស ហើយ​៨​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន។ ទោះជា​យ៉ាងនេះ​ក្តី រហូតមកដល់​ពេលនេះ ខាង​អាជ្ញាធរ​នៅតែ​អះអាងថា គ្មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​នោះ​ទេ គឺ​មានតែ​ពលរដ្ឋ​អ្នក​តវ៉ា​របួស​ពីរ​នាក់ ខាង​កម្លាំង​សមត្ថកិច្ច​របួស ៧​នាក់។

    ការសន្យា​របស់លោក ស ខេង ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែ​មីនា។ ទោះជា​យ៉ាងណាក៏ដោយ អាស៊ីសេរី​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​បន្ថែមទៀត​អំពី​ករណី​ជំនួប​របស់​អ្នកស្រី រ៉ូណា ស្មីត ជាមួយ​លោក ស ខេង លើ​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​វិបត្តិ​ស្ថាន​ការ​នយោបាយ​ចុងក្រោយ​នេះ​នៅឡើយ​ទេ៕

    Loading...