ក្រសួង​រៀបចំ​ឲ្យ​មាន​ចលនា​បិទ​ភ្លើង​ ១ ​ម៉ោង​ដើម្បី​ភព​ផែនដី

    ភ្នំពេញៈ ក្រសួង​បរិស្ថាន និង​ស្ថាប័ន​​ដៃគូ​មួយ​ចំនួន​នឹង​រៀបចំ​ឲ្យ​មាន​ចលនា​សម្រាប់​ផែនដី​​​ដោយ​​ធ្វើការ​បិទ​ភ្លើង​រយៈពេល​មួយ​ម៉ោង​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​​ប្រជាពលរដ្ឋ​អាច​ចូលរួម​ចលនា​នេះ​នៅ​តាម​ផ្ទះ​របស់​ខ្លួន​បាន​ដែល​​ចលនា​នេះ​គឺជា​និមិត្តរូប​​មួយ​បង្ហាញ​ពី​ការ​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​​របស់​បរិស្ថាន។

    អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្តីការ​ក្រសួង​​​ថា​នៅ​ថ្ងៃ​ទី​ ២៥ ខែ​មីនា ឆ្នាំ​ ២០១៧ ក្រសួង​សហការ​ជាមួយ​អង្គការ​ WWF និង​ដៃគូ​មួយ​ចំនួន​ទៀត​នឹង​រៀបចំ​កម្មវិធី​មួយ​នៅ​មុខ​វត្តបទុមវតី​ចាប់ពី​ម៉ោង​​ ៥ ​ល្ងាច​តទៅ និង​​អាច​មាន​សិស្ស និស្សិត​ចូលរួម​ប្រមាណ​ ៣០០០ ​នាក់​ដោយ​មិន​ទាន់​គិត​ពី​ចំនួន​​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ផង។

    - Advertisement -
    Loading...

    លោក​ថា ​កម្មវិធី​នេះ​​ក៏​មាន​ការ​ប្រគុំ​តន្រ្តី និង​ការ​សម្តែង​ដែល​មាន​ការ​ចូលរួម​ពី​តារាចម្រៀង​ល្បីៗ​មួយ​ចំនួន​​ផង​ដែរ។

    ក្នុង​ចលនា​​នេះ​លោក​ សុផល្លែត ​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​អាច​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​បិទ​ភ្លើង​រយៈពេល​មួយ​ម៉ោង​នៅ​ផ្ទះ​របស់​ខ្លួន​ដោយ​ចាប់​ពី​ម៉ោង​ ៨ និង​ ៣០ ​នាទី​ដល់​ម៉ោង​ ៩ និង​ ៣០ ​នាទី​យប់។

    លោក​ថា​ ការ​ចូលរួម​នេះ​បង្ហាញ​ពី​ការ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ការពារ​បរិស្ថាន​ប្រទេស​យើង និង​ពិភពលោក។​

    លោក​បន្ថែម​ថា៖ «អ៊ីចឹង​អត្ថន័យ​សំខាន់​នៃ​ការ​បិទភ្លើង​ហ្នឹង​គឺជា​សញ្ញា​ថ្មី​មួយ​ថា យើង​ធ្វើ​ដំណើរ​រួម​គ្នា​នូវ​ដំណើរ​ដ៏​វែង​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម និង​ផលប៉ះពាល់​ដល់​បរិស្ថាន​របស់​យើង…​ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា​ប្រជាជន​យើង​…គាំពារ​បរិស្ថាន​របស់​យើង»។

    ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ WWF កម្ពុជា លោក​ ឈឹត សំអាត បាន​លើក​ឡើង​ដែរ​ថា​ចលនា​នេះ​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ។​

    លោក​បន្ត​ថា ​ទង្វើ​របស់​មនុស្ស​ប្រចាំ​ថ្ងៃ​បាន​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ហើយ​ថា​ចលនា​នេះ​គឺ​ដើម្បី​​ឲ្យ​ប្រជាពលរដ្ឋ​រួម​ចំណែក​ការពារ​បរិស្ថាន និង​ស្រឡាញ់​ធម្មជាតិ។

    លោក​បាន​បន្ថែម​​​ថា៖ «ចលនា​នេះ​ដើម្បី​កែប្រែ​ឥរិយាបថ​ប្រជាពលរដ្ឋ​ម្នាក់ៗ…​ដើម្បី​បញ្ជាក់​ពី​ការ​ចូលរួម​ពី​បុគ្គល​ម្នាក់ៗ…​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​…​»។

    លោក ឈឹត សំអាត បាន​បញ្ជាក់​ទៀត​ថា​៖ ​«ធម្មជាតិ​កំពុង​ទទួល​រង​ការ​គាប​សង្កត់​ពី​សកម្មភាព និង​ការ​ប្រើប្រាស់​របស់​មនុស្ស បើ​យើង​មិន​គិត​ពី​ឥឡូវ​ទេ​វា​នឹង​បាត់បង់​ យើង​ត្រូវ​គិត​ពី​ពេល​នេះ​ទៅ​…​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ការពារ​ផែនដី»។

    ចលនា​នេះ​បាន​ចាប់ផ្តើម​​ធ្វើ​ឡើង​ជា​លើក​ដំបូង​​កាលពី​ឆ្នាំ​ ២០០៧ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​ ១៧២ ​បាន​ចូលរួម​រៀបចំ​ឲ្យ​មាន​ចលនា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​នេះ។ ចលនា​នេះ​ធ្វើ​ឡើង​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​របស់​មហាជន​ឲ្យ​បាន​ដឹង​ពី​ការ​ប្រើប្រាស់​ធនធាន​ដែល​​មិន​បាន​គិតគូរ​ពី​​​និរន្តរភាព​គឺជា​កត្តា​ចម្បង​មួយ​នាំ​មក​នូវ​ការ​ប្រែប្រួល​អាកាសធាតុ៕

    ប្រភព៖ ភ្នំពេញប៉ុស្តិ៍

    Loading...