អាជ្ញាធរ​ខ្មែរ​ផ្អាក​ការ​នាំ​ចេញ​ទឹកដោះ​ស្ត្រី​ទៅ​សហរដ្ឋ​អាមេរិក​ជា​បណ្ដោះអាសន្ន

    អាជ្ញាធរ​ខ្មែរ​បាន​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) នាំ​ចេញ​ផលិតផល​ទឹកដោះ​ដែល​បាន​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា យក​ទៅ​ដាក់​លក់​នៅ​សហរដ្ឋ​អាមេរិក ជា​បណ្ដោះអាសន្ន។

    អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ មីនា ថា ក្រុមហ៊ុន​នេះ​ត្រូវការ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដោយសារ​តែ​ផលិតផល​នេះ​ផលិត​ចេញ​ពី​សរីរាង្គ​មនុស្ស។ លោក គុណ ញឹម បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​កំណត់​គោល​នយោបាយ​ស្តី​អំពី​ផលិតផល​នេះ ព្រោះ​ថា​ករណី​នាំ​ចេញ​ផលិតផល​ទឹកដោះ​ស្ត្រី​នេះ​ជា​បញ្ហា​រសើប។

    - Advertisement -
    Loading...

    ការ​ហាមប្រាម​នេះ កើត​មាន​ឡើង​ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ថា ក្រុមហ៊ុន​អាមេរិកាំង​មាន​មូលដ្ឋាន​នៅ​រដ្ឋ​យូតា (Utah) ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ អះអាង​ថា ខ្លួន​ជា​ក្រុមហ៊ុន​ដំបូង​បង្អស់​ដែល​ធ្វើ​ការ​នាំ​ចេញ​ផលិតផល​ទឹកដោះ​ស្ត្រី​ពី​បរទេស មក​ដាក់​លក់​ក្នុង​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន អ៊ាមប្រូសៀ ឡាបស៍ ដាក់​លក់​ផលិតផល​នេះ​ដល់​មាតា​ជនជាតិ​អាមេរិកាំង​ទាំងឡាយ​ណា​ដែល​ចង់​បំបៅ​ទឹកដោះ​កូនៗ​របស់​ពួក​គេ​ដោយ​ទឹកដោះ​ស្ត្រី​ធម្មជាតិ ដោយសារ​តែ​ពួក​គេ​មិន​អាច​ផលិត​ទឹកដោះ​ខ្លួន​ឯង​បាន​គ្រប់គ្រាន់។

    ផលិតផល​ទឹកដោះ​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា ដោយ​ដាក់​បង្កក​មុន​ពេល​ដឹក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​នេះ​ដាក់​លក់​ផលិតផល​នេះ​ក្នុង​តម្លៃ ២០​ដុល្លារ​អាមេរិក សម្រាប់​កញ្ចប់​ទឹកដោះ​ទម្ងន់ ១៤៧​មីលីលីត្រ៕

    ប្រភព៖ អាស៊ីសេរី

    Loading...