លោក រ៉ុង ឈុន ប្រកាស​លា​ឈប់​ពី គ.ជ.ប ប្រសិន​បើ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

    អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រកាស​ជំហរ​លា​ឈប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពេល​ណា​គណបក្ស​ប្រឆាំង​ពិត​ជា​ត្រូវ​បាន​បក្ស​កាន់​អំណាច​រំលាយ​ចោល​មែន។ គម្រោង​លា​ឈប់​របស់​អតីត​អ្នក​ធ្លាប់​តស៊ូ​មតិ ដើម្បី​សិទ្ធិ​សេរីភាព​ឲ្យ​កម្មករ​ផង និង​គ្រូបង្រៀន​ផង​​រូប​នេះ ស្រប​ពេល​សមាជិក​សភា​របស់​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

    លោក រ៉ុង ឈុន ពេល​នេះ ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង ៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រេច​ចិត្ត​បោះបង់​អ្វីៗ​គ្រប់​យ៉ាង​ដែល គ.ជ.ប មាន​ដូច​ឡាន​ទំនើប តួនាទី​ងារ​ជា​ឯកឧត្ដម និង​ប្រាក់​បៀវត្ស​ដ៏​ច្រើន ប្រសិន​បើ​បក្ស​ប្រឆាំង​ពិត​ជា​ត្រូវ​រំលាយ​ដូច​ការ​គ្រោង​ទុក​របស់​បក្ស​ប្រជាជន​កម្ពុជា​មែន។

    - Advertisement -
    Loading...

    តួនាទី​ដែល​លោក រ៉ុង ឈុន កំពុង​តែ​បំពេញ​សព្វ​ថ្ងៃ​នេះ ពិត​ជា​នរណាៗ​មិន​អាច​ធ្វើ​បាន ឬ​ចង់​ចូល​បាន​ក៏​ចេះ​តែ​ចូល​ស្រេច​នឹង​ចិត្ត​នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អតីត​អ្នក​ធ្លាប់​រិះគន់​ភាព​អសកម្ម​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​កន្លង​ទៅ​សម្រេច​ដើរ​ចេញ​នេះ ព្រោះ​តែ​យល់​ឃើញ​ថា លោក​ពុំ​អាច​ធ្វើ​ជា​អាជ្ញាកណ្ដាល​ដោយ​គូ​ប្រកួត​គីឡូ​មិន​ស្មើ​គ្នា​បែប​នេះ​ត​ទៅ​បាន​ឡើយ។ រឿង​ដែល​សំខាន់​ជាង​នេះ លោក រ៉ុង ឈុន បញ្ជាក់​ជំហរ​ថា លោក​ពុំ​អាច​ធ្វើ​កិច្ចការ​ដែល​ក្បត់​ពលរដ្ឋ​ឡើយ ជា​ពិសេស​នោះ​លោក​ក៏​នឹង​មិន​​ស្ដាយ​ក្រោយ​អ្វី​​ឡើយ ក្នុង​ការ​បោះបង់​កៅអី​ក្នុង​ឋានៈ​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នេះ ប្រសិន​បើ​លោក​ធ្វើ​ការ​ទៅ​ដោយ​ពុំ​បាន​បម្រើ​ផលប្រយោជន៍​ឲ្យ​សាធារណៈ​បាន​តទៅ​ហើយ​នោះ។ លោក​បន្ត​ថា «ជំហរ​របស់​ខ្ញុំ បើ​សិន​ជា​មាន​ច្បាប់​មួយ​ដែល​ត្រូវ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ដោយ​គ្មាន​វត្តមាន​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ខាង​មុខ​នេះ​ទេ ខ្ញុំ​នឹង​លា​ឈប់​ពី​សមាជិក ..ប។ បើ​សិន​ជា​យើង​នៅ​ឈរ​ផ្លុំ​កញ្ចែ​ឲ្យ​កីឡា​ប្រកួត ហើយ​ដោយ​គ្មាន​គូ​ប្រកួត មាន​តែ​ម្ខាង ខ្ញុំ​មិន​អាច​ឈរ​ផ្លុំ​កញ្ចែ​ឲ្យ​ក្រុម​កីឡា​តែ​ម្ខាង​ប្រកួត​តែ​ម្នាក់​ឯង​បាន​ទេ»។

    អ្នក​វិភាគ​មើល​ឃើញ​ថា ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដែល​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ បំណង​ដ៏​សំខាន់​នោះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​រំលាយ​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រកួត​ដ៏​សំខាន់​របស់​លោក​ចោល​ឡើយ។

    លោក គឹម សុខ អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ ចាត់​ទុក​ថា ប្រាកដ​ណាស់​មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត គឺ​លោក​នាយករដ្ឋមន្ត្រី​ដឹង​ថា បក្ស​ប្រជាជន​កម្ពុជា ពុំ​អាច​យក​ប្រៀប​លើ​បក្ស​ប្រឆាំង​បាន​តាម​ការ​បោះឆ្នោត​ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ត​ទៅ។ នេះ​គឺ​ជា​ជម្រើស​ដែល​បក្ស​កាន់​អំណាច​ត្រូវ​ជ្រើសរើស​ផ្លូវ​ដើរ​របៀប​នេះ បើ​ទោះ​ជា​ត្រូវ​រង​ការ​រិះគន់ ឬ​ក៏​អាម៉ាស់​ក៏ដោយ​ចុះ។

    កាល​ពី​ដើម​ខែ​កុម្ភៈ នៅ​ក្នុង​វេទិកា​ចែក​សញ្ញាប័ត្រ​នៅ​កោះពេជ្រ លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​រំលាយ​បក្ស​នយោបាយ​ណា​ដែល​មាន​មេ​បក្ស​ជាប់​​ទោសទណ្ឌ​តាម​ផ្លូវ​តុលាការ។ មូលហេតុ​ដែល​លោក ហ៊ុន សែន សម្រេច​ចិត្ត​ដូច​នេះ លោក​បញ្ជាក់​ថា គឺ​អនុវត្ត​តាម​របៀប​ដឹកនាំ​របស់​រដ្ឋាភិបាល​ថៃ។ លោក​បន្ត​ថា «ក្នុង​ពេល​រំលាយ​ក្នុង​គណៈកម្មការ​នាយក​ទាំង​ប៉ុន្មាន​បាត់​សិទ្ធិ​ទាំងអស់។ ហាមឃាត់ ៥​ឆ្នាំ​ឥត​ឲ្យ​ធ្វើ​នយោបាយយើង​លេង​អា​ធុន​ហ្នឹង​ដែរ​មើល។ នេះ​មិន​មែន​សម្រាប់​តែ​គណបក្ស​ប្រជាជន​ឯណា សម្រាប់​បក្ស​ទាំងអស់​រាប់​ទាំង​បក្សប្រជាជន។ រំលាយ​ចោល​បក្ស​ហើយ ហើយ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មេ​ដឹកនាំ។ កុំ​ហាម​ពីរ​បី​នាក់ ហាម​មួយ​គណៈ​នាយកតែ​ម្ដង ដើម្បី​ឲ្យ​រាង​ចាល»។

    បើ​ទោះ​ជា​បែប​ណា ក្រុម​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រសិន​បើ​សមាជិក​លើសលប់​ពី​ខាង​បក្ស​កាន់​អំណាច​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន គឺ​មាន​ន័យ​ថា នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល។ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា ប្រទេស​កម្ពុជា អនុវត្ត​តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។

    ស្រប​ពេល​មាន​ការ​រិះគន់​រឿង​កែ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច ធ្លាប់​បញ្ជាក់​ថា សមាជិក​សភា​របស់​បក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ប្រមូល​ស្នាម​មេដៃ​ហើយ ដើម្បី​ដាក់​ទៅ​រដ្ឋ​សភា​ស្នើ​ឲ្យ​មាន​វិសោធនកម្ម។ ទន្ទឹម​នឹង​បក្ស​កាន់​អំណាច​កំពុង​តែ​ខ្នះខ្នែង​រឿង​ការ​កែ​ប្រែ​មាត្រា​ច្បាប់​នេះ ដោយ​ឡែក​ខាង​តុលាការ​ឯណោះ​វិញ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​លោក សម រង្ស៊ី ក៏​ពុង​បន្ត​សំណុំ​រឿង​ដែរ។

    អ្នក​វិភាគ​មើល​ឃើញ​ថា ការ​ពន្លឿន​សំណុំ​រឿង​របស់​មេ​បក្ស​ប្រឆាំង​រុញ​ឲ្យ​ដល់​ជញ្ជាំង​នេះ គឺ​ប្រហែល​មិន​ខុស​ពី​អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន បើ​មេ​បក្ស​មាន​ទោស​ហើយ ងាយ​នឹង​រំលាយ​បក្ស​បាន​ស្រួល​ដែល​ស្រប​ទៅ​នឹង​ច្បាប់។

    ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន ១១​ជំពូក និង ៤៥​មាត្រា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧។ ច្បាប់​នេះ​តំណាងរាស្ត្រ​មួយ​ភាគ​បួន ឬ​ជាង ៣០​រូប នៃ​តំណាងរាស្ត្រ​សរុប​អាច​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​បាន​ហើយ។ អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។

    បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ចុះ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) យល់​ឃើញ​ថា វា​មិន​ល្អ​សោះ​ឡើយ​ដែល​ដំណឹង​ថា សមាជិក​ជាន់​ខ្ពស់​របស់ គ.ជ.ប សម្រេច​ដើរ​ចេញ​ពី​កៅអី​បែប​នេះ។ ក្រៅ​ពី​នេះ​ទៀត រឿង​ដ៏​ស្មុគស្មាញ​ថែម​ទៀត​នោះ គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល​តែម្ដង។ លោក​បន្ត​ថា «បើ​សិន​ជា​គាត់​លា​ឈប់​ពី​តំណែង​សមាជិក គ..អា​ហ្នឹង​បង្ហាញ​គាត់​មិន​ពេញ​ចិត្ត​នឹង​ដំណើរ​ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ហ្នឹង​ឯង។ គ..ប នឹង​ជួប​បញ្ហា​មួយ​ចំនួន​ទៀត​ហើយ»។

    ស្រប​ពេល​លោក រ៉ុង ឈុន ប្រកាស​ជំហរ​ចុង​ក្រោយ​ថា នឹង​ដើរ​ចេញ​ពី​ស្ថាប័ន គ.ជ.ប ប្រសិន​បើ​បក្ស​ប្រឆាំង​ពិត​ជា​ត្រូវ​រំលាយ ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន លោក​ក៏​ចង់​ឃើញ​អ្នក​នយោបាយ​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា៕

    ប្រភព៖​ អាស៊ីសេរី

    Loading...