អ្នក​ច្បាប់​ថា​រដ្ឋាភិបាល​គួរ​ស្រាវជ្រាវ​រក​អ្នក​លួច​ថត​និង​បញ្ចេញ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ

    អ្នក​ច្បាប់​យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​ចេញ​មុខ​ស្រាវជ្រាវ​ចំពោះ​អ្នក​លួច​ថត និង​អ្នក​បញ្ចេញ​ខ្សែ​អាត់​សំឡេង​សន្ទនា​រឿង​អាស្រូវ​ស្នេហា​តាម​ទូរស័ព្ទ ដែល​គេ​សង្ស័យ​ថា​ជា​សំឡេង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​ជាមួយ​ស្រី​ក្មេង និង​ភរិយា​អ្នក​ដទៃ។ រីឯ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ច្រាន​ចោល​ចំពោះ​ការ​យល់​ឃើញ​របស់​អ្នក​ច្បាប់ និង​បញ្ជាក់​ថា មិន​ចាប់​អារម្មណ៍​ចំពោះ​រឿង​ខ្សែ​អាត់​សំឡេង​នោះ​ទៅ​វិញ។

    ខណៈ​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់ និង​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្តៅ​ផង​នោះ ពេល​នេះ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លេចធ្លោ​មួយ​ចំនួន ត្រូវ​បាន​ជន​អនាមិក​បក​អាក្រាត​រឿង​ជីវិត​ឯកជន ឬ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​ក្រៅ​ផ្ទះ​ជា​បន្តបន្ទាប់។

    - Advertisement -
    Loading...

    ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់ ស្វែងរក​អ្នក​លួច​ថត និង​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​គ្មាន​ការ​អនុញ្ញាត ព្រោះ​ទង្វើ​បែប​នេះ​ចាត់​ចូល​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ«តាម​ពិត ការ​លួច​ថត​សំឡេង​គេ​ដោយ​អត់​មាន​ច្បាប់​អនុញ្ញាត វា​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​កាលណា​ជា​បទល្មើស​ព្រហ្មទណ្ឌ អាជ្ញាធរ​គួរ​តែ មិន​មែន​គួរ​តែ​ទេ គឺ​មាន​កាតព្វកិច្ច​ដើម្បី​ស៊ើប​អង្កេត និង​បង្ក្រាប​កុំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង។ ម្យ៉ាង​ទៀត រឿង​នេះ​ដ្បិត​មិន​មែន​ជា​បទល្មើស​ធ្ងន់ធ្ងរ វា​អាច​ជា​បទ​ត្រឹម​មជ្ឈិម​អ៊ីចឹង​មែន ក៏ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ទូទៅ​ណាស់។ ចឹង​ទៅ ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ដូចជា​ភាព​សន្តិសុខ​របស់​គេ មាន​អ្នក​តាមដាន​គ្រប់​វិនាទី។ ដល់​ចឹង​ទៅ ស្ថាប័ន​អនុវត្ត​ច្បាប់​គួរ​តែ​ពិនិត្យ​មើល​រឿង​នេះ មិន​មែន​មាន​ន័យ​ថា ទាល់​តែ​គេ​ប្តឹង​បាន​យើង​ស៊ើប​អង្កេត គឺ​មិន​មែន​ទេ»

    ការ​លើក​ឡើង​អំពី​ផ្លូវ​ច្បាប់​នេះ ខណៈ​ដែល​ចំនួន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​ស្នេហា បាន​កើន​ឡើង​កាន់​តែ​ច្រើន បន្ទាប់​ពី​គណនី​ហ្វេសប៊ុក (facebook) ឈ្មោះ “សីហា” បាន​បន្ត​ទម្លាយ​ខ្សែ​អាត់​សំឡេង​សន្ទនា​រឿង​ស្នេហា​សន្ទនា​សម្ងាត់​តាម​រយៈ​ទូរស័ព្ទ​ដ៏​អាសអាភាស​ជា​បន្តបន្ទាប់ ដែល​សំឡេង​ទាំងនោះ​គឺ​សង្ស័យ​ថា ជា​សំឡេង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង រួម​ទាំង​គេ​បង្ហោះ​រូបថត​តំណាងរាស្ត្រ​ទាំងនោះ​មួយ​ចំនួន​ផង។

    ក្នុង​ចំណោម​តំណាងរាស្ត្រ​ដែល​កំពុង​រង​ការ​វាយ​ប្រហារ​ពី​អ្នក​លេង​ហ្វេសប៊ុក មិន​បញ្ជាក់​អត្តសញ្ញាណ​ពិត​ដោយ​ប្រើ​ឈ្មោះ សីហា នោះ បាន​បង្ហោះ​លាត​ត្រដាង និង​ចោទ​ប្រកាន់​ពី​ជីវិត​ពិត​ឯកជន ឬ​រឿង​អាស្រូវ​ស្នេហា​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ រួម​មាន​លោក រៀល ខេមរិន្ទ្រ លោក យ៉ែម បុញ្ញឫទ្ធិ លោក ឡុង រី លោក ហូរ វ៉ាន់ លោក ចាន់ ចេង អ្នកស្រី ពត ពៅ លោក យឹម សុវណ្ណ និង​លោក អេង ឆៃអ៊ាង ជាដើម ក្រៅ​ពី​នេះ​ក៏​មាន​ការ​ទម្លាយ​រឿង​ទំនាស់​បែងចែក​អំណាច​ផ្ទៃ​ក្នុង​បក្ស​ផង​ដែរ។

    ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្មាន​ការ​ស៊ើប​អង្កេត​ផ្លូវ​ការ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ទេ ជុំវិញ​ថា តើ​ខ្សែ​អាត់​សំឡេង​ទាំងនោះ​ទទួល​បាន​តាម​វិធី​ណា​នោះ?

    អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ព្រោះ​ទូរស័ព្ទ​លោក​បាន​បិទ។

    រីឯ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​រឿង​អាស្រូវ​ស្នេហា​ដែល​បែកធ្លាយ​នោះ​ឡើយ ព្រោះ​លោក​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេង​ទៀត។ លោក ផៃ ស៊ីផាន ក៏​បាន​ច្រាន​ចោល​ចំពោះ​សម្ដី​អ្នក​ច្បាប់​ដែល​ថា រដ្ឋាភិបាល​មាន​តួនាទី​ស៊ើប​អង្កេត និង​មាន​វិធានការ​ច្បាប់​ចំពោះ​រឿង​នេះ«ការ​លើក​ឡើង​នេះ វា​មិន​សមស្រប​ទេ ព្រោះ​រឿង​នេះ​ជា​រឿង​ឯកជន ហើយ​ឯកជន​ផ្ទាល់​ខ្លួន​ទេ ដែល​តតាំង​ដល់​ការ​បែក»

    លោក ផៃ ស៊ីផាន បន្ថែម​ដែរ​ថា ប្រសិន​បើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​យល់​ថា​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ អាច​ដាក់​ពាក្យ​បណ្ដឹង ព្រោះ​ទាំងអស់​គ្នា​ទទួល​បាន​កិច្ច​ការពារ​នៅ​ក្នុង​ភាព​ជា​ឯកជន ឬ​ក៏​កិត្តិយស។ ចំពោះ​បញ្ហា​នេះ លោក ផៃ ស៊ីផាន ថា​លោក​មិន​មាន​បទពិសោធន៍​តតាំង​រឿង​ក្តី​ដូច្នេះ​ឡើយ ហើយ​លោក​ថា​ហាក់​ដូចជា​ពិបាក​និយាយ​អំពី​បញ្ហា​នេះ ព្រោះ​ជា​អ្នក​ទី​បី។

    ដោយឡែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​បាន​ប្រើ​គោលការណ៍​មិន​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ចោទ​ប្រកាន់​ពី​រឿង​ផ្ទាល់​ខ្លួន ដោយ​មក​ទល់​ពេល​នេះ គ្មាន​តំណាងរាស្ត្រ​ណា​ម្នាក់​បញ្ចេញ​ប្រតិកម្ម​នៅ​ឡើយ។ អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ កុម្ភៈ។

    លោក​មេធាវី សុក សំអឿន យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ស្រាវជ្រាវ​ករណី​ខ្សែ​អាត់​សំឡេង​នេះ​ទេ ហើយ​ទុក​ឲ្យ​មាន​បញ្ហា​បែបនេះ​ត​ទៅ​ទៀត​នោះ នឹង​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សភាព​ភ័យ​ខ្លាច«ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​យល់​ថា ខ្លួន​អត់​មាន​សុវត្ថិភាព ហើយ​ដូច្នេះ ទី​១ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គិត​ថា មន្ត្រី​អនុវត្ត​ច្បាប់​លម្អៀង ថា​បើ​រឿង​ប្រព័ន្ធ​នយោបាយ​ប្រឆាំង អត់​ស៊ើប​អង្កេត​ទេ ធ្វើ​មិន​ដឹង​អ៊ីចឹង​ទៅ។ ទី​២ ប្រជាពលរដ្ឋ​អាច​គិត​ថា ស្ថាប័ន​អនុវត្ត​ច្បាប់ ឬ​ក៏​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​គេ»

    មាន​ច្បាប់​ជាតិ​យ៉ាង​ហោច​ណាស់​ចំនួន​៣ ដែល​ហាមឃាត់​ការ​លប​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​អ្នក​ដទៃ។ ទី​១ គឺ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស។ មាត្រា​៤០ មិន​ត្រឹម​តែ​ការពារ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធានា​ការពារ​អាថ៌កំបាំង​នៃ​ការ​ឆ្លើយឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមនាគមន៍​របស់​គាត់​ទៀត​ផង។

    រីឯ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទាំង​អ្នក​លប​ថត​សំឡេង​គេ ទាំង​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ត្រូវ​មាន​ទោស​ស្មើ​គ្នា។ មាត្រា​៩៧ ចែង​ថា ការ​លប​ស្តាប់ ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ទទួល​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល។ បញ្ញត្តិ​កថាខណ្ឌ​ទី​១ ខាង​លើ​នេះ មិន​ត្រូវ​យក​មក​អនុវត្ត​ទេ​ក្នុង​ករណី​ដែល​ការ​ស្តាប់ ឬ​ការ​ថត​ការ​សន្ទនា​នោះ ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ ឬ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ធម្មានុរូប។

    ចំណែក​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ក៏​មាន​ទោស​ជាប់​ពន្ធនាគារ​ដែរ។ មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដដែល​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ការ​សន្ទនា ដោយ​ពុំ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ភាគី​នៃ​ការ​សន្ទនា ឬ​ពី​អាជ្ញាធរ​ធម្មានុរូប ឬ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន

    រីឯ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា មាត្រា​៣០១ ក៏​ផ្ដន្ទាទោស​អ្នក​ដែល​លប​ថត​សំឡេង​សន្ទនា​របស់​គេ​ឲ្យ​ជាប់​ពន្ធនាគារ​ដែរ៕

    ប្រភព៖ អាស៊ីសេរី

    Loading...