និស្សិត​ភូមា៩​នាក់ ជាប់​ចោទ​ពី​បទ​ប្រមាថ​មើល​ងាយ​កងទ័ព ដោយសារ​ការ​សម្តែង​ល្ខោន

    យ៉ាងហោចណាស់ ​មាន​និស្សិត​ភូមា​៩នាក់​ ដែល​ត្រូវ​បាន​រង​ពាក្យ​បណ្តឹង​ ពី​បទ​ប្រមាថ​មើល​ងាយ​កងទ័ព​ជាតិ​ភូមា ​ តាម​រយៈ​ការ​សំដែង​ល្ខោន​ ដែល​ពួក​គេ​បាន​ចូលរួម ​នៅ​ភាគ​ខាងត្បូង​ប្រទេស។ យុវនិស្សិត​ទាំង​៩​នាក់ ​អាច​នឹង​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ។ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ ពី​ចរន្ត​កាន់តែ​តឹងតែង ​ស្តីពី​ការ​រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ភូមា ​បើ​ទោះ​ជា​ក្រោយ​ការ​ឡើង​កាន់​កាប់​អំណាច ​របស់​គណបក្ស​ប្រជាធិបតេយ្យ ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​យ៉ាង​ណាក៏​ដោយ។

    នៅភូមា​ បើ​ទោះ​បី​ជា​របប​សិក​បាន​បិទ​បញ្ចប់ទៅ​ជា​ផ្លូវការ​ក្តី ​ តែ​ការ​ពិត​ជាក់ស្តែង ​របប​យោធា​ផ្តាច់ការ​នេះ​ នៅ​តែ​មាន​វត្តមាន​យ៉ាង​ក្លាំងក្លា ​ក្នុង​សង្គម​ភូមា។ កាលពី​ថ្ងៃ​ទី ​៩មករា ​នៅ​ក្រុង ​Pathein​ ភាគ​ខាងត្បូង​ភូមា ​និស្សិត​មួយ​ក្រុម ​មាន​គ្នា​៩នាក់ ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សាក​ល្បង​ស្នាដៃ​សិល្បៈ ​ក្រោម​ពាក្យ​ស្លោក​ទ្រទ្រង់​សន្តិភាព​នោះ ​ បាន​លើកឡើង​នូវ​ស្នាដៃ​ល្ខោន​មួយ​ ដែល​មាន​ខ្លឹមសារ​រិះគន់​ដល់​របប​យោធា។ ត្រង់​ឈុត​មួយ​ គេ​សម្តែង​ថា ​តួអង្គ​ស្ត្រី​ជា​ភរិយា​ទាហាន​ម្នាក់​ បាន​និយាយ​ថា ​នាង​ចង់​ឲ្យ​មាន​សង្រ្គាម​ណាស់ ​ ព្រោះ​ពេល​សង្រ្គាម​ម្តងៗ​ ប្តីនាង​ត្រូវ​ចេញ​ទៅ​សមរភូមិ​រាប់ខែ ​ទុក​ឱកាស​ឲ្យនាង​អាច​ដើរ​ហើរ​សប្បាយ​តាមចិត្ត។

    - Advertisement -
    Loading...

    វីដេអូ​ ឈុតឆាក​សម្តែង​ល្ខោន​នេះ ​ត្រូវ​បាន​ចែកចាយ ​នៅតាម​អ៊ីនធើនែត​ យ៉ាង​គគ្រិក​គគ្រេង ​ ដែល​ធ្វើ​ឲ្យ​ក្រុម​កងទ័ព​មិន​សប្បាយ​ចិត្ត។ មេ​បញ្ជាការ​មាន​បុណ្យសក្តិ​ម្នាក់​ ប្រចាំការ​នៅ​ក្រុង​ Pathein ​បាន​ដាក់ពាក្យ​ប្តឹង ​និស្សិត​ទាំង​៩នាក់ ​ដោយ​ចោទ​ថាបាន​បន្តុះ​បង្អាប់​ ប្រមាថ​មើលងាយ​កងទ័ព។

    ជាមួយ​នឹង​ពាក្យ​បណ្តឹង​នេះ ​និស្សិត​ទាំង​៩នាក់ ​អាច​នឹង​ត្រូវ​តុលាការ​ផ្តន្ទាទោស ​ឲ្យ​ជាប់​ពន្ធនាគារ ​ដោយ​យោង​លើ​ច្បាប់​បរិហាកេរ្តិ៍។ សូម​បញ្ជាក់​ថា ​លោកស្រី​អ៊ុងសាន ស៊ូជី ​ត្រូវ​បាន​ប្រជាជន​ភូមា​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង ​ដើម្បី​រំដោះ​ភូមា​ចេញ​ពី​ការ​កៀបសង្កត់​ បំបិទ​សិទ្ធិ​សេរីភាព ​ជាពិសេស​សិទ្ធិ​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ។ ច្បាប់​ស្តីពី​ការ​បរិហារកេរ្តិ៍ ​ដែល​របប​យោធា​ផ្តាច់ការ ​បាន​តាក់តែង ​ ​គឺ​នៅ​ជា​ធរមាន​ដដែល។

    តែ​យ៉ាងណា​ក៏ដោយ ​១០ខែ​មក​នេះ ​ នៅ​មិន​ទាន់​មាន​អ្វី​ប្រសើរ​ឡើង​ទេ។ ផ្ទុយទៅ​វិញ ​បទ​ចោទ​ប្រកាន់​ ដោយ​យោង​លើ​ច្បាប់​បរិហារកេរ្តិ៍​នេះ ​ មាន​កាន់តែ​ច្រើន ​ជា​ពិសេស​ការ​បរិហារ​តាម​ប្រព័ន្ធ​អ៊ីនធើនែត។ ជាក់ស្តែង ​កាល​ពី​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៥ ​មាន​ករណី​ប្តឹង​ផ្តល់ ​ស្តីពី​បទ​បិរហារ​កេរិ៍្ត​តាម​អ៊ីនធើនែត​ មាន​តែ​៧​ករណី​ប៉ុណ្ណោះ។​ ប៉ុន្តែ​ចំនួន​នេះ ​បាន​កើន​ដល់​៤០​ករណី ​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ​បាន​គ្រប់គ្រង់​ប្រទេស។

    លោក ​Brad Adams ​ប្រធាន​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ដែល​ប្រជាធិបតេយ្យ ​គេ​មិន​ចាប់​មនុស្ស​ដាក់គុក​ ដោយ​គ្រាន់តែ​អ្នក​នោះ​ ធ្វើ​ការ​បច្ចេញ​យោបល់ ​រិះគន់​ ថ្នាក់​ដឹកនាំ ​រឺ​កងទ័ព​នោះ​ទេ។ យ៉ាង​ណាមិញ ​កាល​ពី​សប្តាហ៍មុន ​ប្រេសិទ​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​ភូមា ​បាន​ថ្លែង​ថ្កោលទោស​អាជ្ញាធរ​ភូមា ​ថាបាន​ប្រើ​ច្បាប់​បរិហារកេរ្តិ៍ ​ជា​ឧបករណ៍ ​ដើម្បី​បំបិទ​មាត់​ប្រជាជន ​ដោយ​គ្រាន់តែ​គ្នា​បញ្ចេញ​មតិ​យោបល់។ ជាក់ស្តែង​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ ក្រុម​មេធាវី​ និង​អ្នក​សារព័ត៌មាន ​បាន​ធ្វើ​បាតុកម្ម ​នៅ​ក្រុង​រ៉ុងហ្គូន ​ដើម្បី​ទាមទារ​ឲ្យ​លប់​ចោល​ច្បាប់​ស្តីពី​បរិហារ​កេរ្តិ៍​នេះ៕

    ប្រភព៖ RFI KHmer

    Loading...