ក្រសួង​ការងារ ថ្កោលទោសលោក សម រង្ស៊ី

    រដ្ឋមន្ត្រីក្រសួង​ការងារ និ​ងបណ្ដុះបណ្ដាល​វិជ្ជាជិវៈ លោក អ៊ិត សំហេង ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន កាល​ពី​ពេល​កន្លង​មក។ រូបភាព៖ RFA

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតមួយថ្កោលទោសចំពោះការអំពាវនាវរបស់លោក សម រង្សី ប្រធានគណបក្សប្រឆាំង ឲ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចូលទំនិញពីកម្ពុជា។ ក្រសួងបានចោទថា ការអំពាវនាវនេះ ជាទង្វើអមនុស្សធម៌ ខ្វះការទទួលខុសត្រូវ និងធ្វើឲ្យខូចប្រយោជន៍កម្មករ និងអ្នកពាក់ព័ន្ធ។

    លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះបាន អំពាវនាវក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក ឲ្យអឺរ៉ុប បិទការនាំចូលទំនិញវាយនភណ្ឌពីកម្ពុជា ហើយថា បើក្នុងករណីអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខ័ណ្ឌនយោបាយណាមួយ។

    - Advertisement -
    Loading...

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី១៩ ខែកក្កដា បានលើកឡើងថា ការអំពាវនាវឲ្យសភាពអឺរ៉ុប បិទទីផ្សារនាំចូលទំនិញពីកម្ពុជា នេះបានធ្វើឲ្យកម្មករជិត៧សែននាក់ និងអ្នកទទួលផលដោយប្រយោលប្រមាណ ២លាននាក់ទៀតបាត់បង់ផលប្រយោជន៍ពីវិស័យឧស្សាហកម្មកាត់ដេរនេះ។

    ទាក់ទងករណីនេះ លោក សម រង្ស៊ី កាលពីរសៀលថ្ងៃអង្គារ បានបកស្រាយថា ការអំពាវនាវរបស់លោកឲ្យអឺរ៉ុប បិទការនាំចូលទំនិញពីប្រទេសកម្ពុជា គឺដើម្បីជំរុញឲ្យមេដឹកនាំកម្ពុជា បច្ចុប្បន្នចេះកែខ្លួន និងដើម្បីឲ្យកម្មករមានការងារកាន់តែច្រើន និងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀត។

    កម្ពុជា នាំចេញផលិតផលសំលៀកបំពាក់ប្រមាណ ៤៦ភាគរយទៅកាន់សហភាពអឺរ៉ុប ៣០ភាគរយទៅកាន់សហរដ្ឋអាមេរិក និង២៤ភាគរយផ្សេងទៀតទៅកាន់ប្រទេសកាណាដា និងជប៉ុន។

    ចំណូលដែលបានមកពីការនាំចេញនេះ គឺមានជាង ៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៥៕

    Loading...